សខ្មៅ

ចង់រកចេះ​អោយ​មើល​ខ្លៅ ចង់រក​ខ្មៅ​អោយ​មើល​ស


បញ្ចេញមតិ

លំអៀង !

គេនិយាយថា ៖ «បណ្តាញទូរទស្សន៍ស្រុកខ្មែរ មានភាពលំអៀងទៅកាន់គណបក្សកាន់អំណាច !»

គេថា ៖ «សង្គមស៊ីវិល មានភាពលំអៀងទៅកាន់គណបក្សប្រឆាំង !»

អ្នកខ្លះគិតថាចំនុចពីរខាងលើសុទ្ធតែត្រូវ ។

ឯអ្នកខ្លះគិតថា សុទ្ធតែខុស ។

ឬអាចមានត្រូវមួយខុសមួយ ។

តើអ្នកកំណត់ថាអ្វីមួយលំអៀងទៅលើអ្វីមួយទៀតតាមរបៀបណា ?

តើអ្នកដឹងខ្លួនឯងឬទេថាអ្នកកំពុងលំអៀងទៅលើអ្វីមួយ ?

ដើម្បីដឹងថាដើមឈើមួយទ្រេត អ្នកត្រូវដឹងថាកន្លែងត្រង់នៅត្រង់ណា !

រៀនរកកន្លែងត្រង់កន្លែងត្រូវ មុនពេលដែលលំអៀងនោះផ្តល់ផលវិបាកដល់ខ្លួនឯង និងអ្នកដទៃ ឬបន្តផ្តល់ផលវិបាកដល់អ្នកដទៃ !

Advertisements


បញ្ចេញមតិ

ពីមុនតាមផ្លូវ ឥឡូវលើផ្លូវ

ធ្វើដំណើរចេញពីមណ្ឌលគិរីមកកាន់ភ្នំពេញ !

ថ្ងៃរសៀលណាស់ទៅហើយ ! មើលទៅប្រហែលជាឡានក្រុងទៅដល់ភ្នំពេញម៉ោង៩យប់ហើយ !

អីគេ !? កើតអីនឹង !?

អីគេ ? ៖ “ពីមុនផ្ទះខ្ញុំនៅតាមផ្លូវ ឥឡូវគេយកដីខ្ញុំអស់ហើយ ! អញ្ចឹងមានតែលើកផ្ទះមករស់នៅលើផ្លូវ !”

ពូតៃកុង ! យើងធ្វើម៉េចទៅ !?

ទាល់តែចាំ ! ចាំគេមកដោះស្រាយ …


បញ្ចេញមតិ

អ្នកស្លាប់ទៅហើយ មិនត្រូវអោយតំលៃជាងអ្នកនៅរស់ទេ !

ថ្មីៗនេះ លោកឈុត វុទ្ធី ត្រូវបានគេបាញ់សំលាប់ ហើយបានធ្វើអោយមានមតិជាច្រើនជុំវិញបញ្ហានេះ ដែលនៅក្នុងនោះក៏មានការទទួលធ្វើបទសម្ភាសន៍ពីសំណាក់លោកសៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយវិទ្យុអន្តរជាតិបារាំង ។ ការផ្តល់សេចក្តីថ្លែងការណ៍នេះ គឺបានផ្តោតសំខាន់ទៅលើការដោះសារថា ការស្លាប់របស់លោកឈុត វុទ្ធី ជាបញ្ហាបុគ្គល ។ ចុចត្រង់នេះ ដើម្បីចូលទៅកាន់ការផ្សព្វផ្សាយរបស់វិទ្យុអន្តរជាតិបារាំងលើបញ្ហានេះ ។

ប្រសិនបើគេសង្កេតលើពាក្យសំដីរបស់លោកសៅ សុខា ក្នុងនាមជាអ្នកដែលទទួលខុសត្រូវលើបញ្ហាដែលកើតមាន លោកមិនត្រឹមតែមិនទទួលខុសត្រូវលើការដែលមិនដឹកនាំកូនចៅអោយមានវិន័យល្អទេ លោកបានថែមទាំងទំលាក់កំហុសលើកូនទាហានរបស់លោក ហើយសំងំឈឹងនឹងទំនួលខុសត្រូវរបស់ខ្លួនលើបញ្ហាដែលបានកើតមាន ។

អ្វីដែលគួរអោយហួសចិត្តនោះគឺនៅពេលដែលរំលឹកដល់ការយល់ឃើញរបស់លោកទៅលើការប៉ះពាល់ដល់ផ្លូវចិត្តមជ្ឈដ្ឋានប្រជាពលរដ្ឋ លោកមិនបាននិយាយសូម្បីមួយម៉ាត់អំពីការចូលរួមសោកស្តាយលើមរណភាពនេះ ហើយថែមទាំងទំលាក់តំលៃនៃជីវិតរបស់លោកឈុត វុទ្ធី ដោយធៀបជាមួយនឹងក្រុមការងាររបស់លោក ដែលលោកបានបញ្ជាក់ថាតែងតែចូលរួមយ៉ាងសកម្មក្នុងការ(មិន)ការពារ (មិន)ដោះស្រាយ និង(មិន)បញ្ឈប់ការបំផ្លាញព្រៃឈើជារៀងរហូតមក ។

តាមរយៈពាក្យសំដីខាងលើ យើងអាចបញ្ជាក់បានថា លោកសៅ សុខា ជាមនុស្សគ្មានទំនួលខុសត្រូវ ខ្ជះខ្ជាយ និងមិនចេះអោយតំលៃលើមនុស្ស ដែលមិនសមស្របសោះក្នុងតំណែងបច្ចុប្បន្នរបស់លោកឡើយ បើយោងតាមសុភាសិតខ្មែរបុរាណថា សំដីសជាតិ មារយាទសពូជ ។


បញ្ចេញមតិ

បានត្រឹមតែថា

បទពាក្យ៧

១. បងប្អូនប្រុសស្រីស្តីស្តែងថា                      សខ្មៅនេះណាសែនអប្រិយ៍

គិតមិនសមផលដល់សេចក្តី                         ពិតមិនប្រពៃគំនិតមោះ ។

២. ជាមនុស្សសែនអត្មានិយម                       ស្តែងផ្តុំជុំពាក្យបង្កឈ្លោះ

សំដីសំដែងលែងពិរោះ                                  ជាប់ឈ្មោះជាមនុស្សឥតតំលៃ ។

៣. សខ្មៅមានអ្វីស្តីតតប                                កើតមិនប្រកបឈ្មោះមិនថ្លៃ

ចូលចិត្តនាំរឿងទាំងយប់ថ្ងៃ                           រឿងស្រុករឿងស្រីរឿងជាតិខ្មែរ ។

៤. ភ្នែកខ្ញុំមើលទៅនៅនឹងមុខ                       ឃើញទុក្ខនោះទុក្ខទុក្ខឥតល្ហែរ

មិនមែនទុក្ខខ្ញុំតែទុក្ខខ្មែរ                                 ក្រែងស្រុកប្រួលប្រែកែតំលៃ ។

៥. ឃើញហើយមិនស្បើយគិតពិចារ            ស្វះស្វែងអាត្មាជួយលកលៃ

ជួយគិតជួយកែខ្មែរជាន់ថ្មី                              អោយស្គាល់ប្រពៃស្គាល់ភ្លឺថ្លា ។

៦. ធ្វើម៉្តេចខ្ញុំក្ររៀនបានទាប                         ចំនេះជ្រួតជ្រាបត្រឹមបរិញ្ញា

សំដីមិនប្រៃខ្សោះខ្លឹមសារ                             ទើបជនខេមរាស្តាប់មិនយល់ ។

៧. ខ្ញុំគ្មានសិទ្ធិអ្វីទៅបង្ខំ                                 អោយគិតបារម្ភខ្វល់អំពល់

បានត្រឹមស្រដីស្តីអ្វីយល់                               អោយបានរសល់រសាយចិត្ត ។

៨. ព្រោះអីបើឃើញខុសមិនប្រាប់                វាអោយរសាប់រសល់ពិត

មនសិការដាស់គំនិត                                     អោយនៅតែគិតនៅតែស្តី ។

៩. ស្តីថាអ្នកនេះត្មេះអ្នកនោះ                        បញ្ឆេះមនុស្សប្រុសធ្លុះដល់ស្រី

តាំងពីពលរដ្ឋដល់មន្រ្តី                                  អោយចេះលកលៃតាមការគួរ ៕


បញ្ចេញមតិ

ជំទង់​ចាស់ និងជំទង់​ថ្មី

ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ ជាធម្មតា គឺតែងតែឆ្លងកាត់ភាពជំទង់ដោយចៀសមិនផុត ហើយកំឡុងពេលនេះវាជារបត់មួយដែលមនុស្សម្នាក់ៗ ចាប់ផ្តើមបង្កើតទំនាក់ទំនងខ្លាំងចំពោះសង្គម តាមរយៈបំរែបំរួលលើចិត្តគំនិត (ការចង់ចេះចង់ដឹង មានអារម្មណ៍ផ្លូវភេទ …) និងបំរែបំរួលលើអត្តចរិក (ការបង្ហាញសមត្ថភាព ការធ្វើទំនាក់ទំនងផ្លូវភេទ …) ។ ដោយសារកត់សំគាល់បានពីចំនុចនេះ ព្រឹទ្ធាចារ្យនានាបានរៀបចំជាបែបបទមួយសំរាប់អោយមនុស្សស្ថិតក្នុងវ័យនេះ ដើរទៅតាមគន្លងដ៏ត្រឹមត្រូវមួយ ។

ហេតុអ្វីគេត្រូវតំរង់ផ្លូវមនុស្សវ័យជំទង់ ?

បើយើងសង្កេតលើពាក្យសុភាសិតបុរាណ ៖ «មនុស្សពេញវ័យ ដូចដំរីចុះប្រេង» គេអាចដឹងយ៉ាងច្បាស់ថា ខ្មែរបុរាណបានកត់សំគាល់យ៉ាងច្បាស់អំពីដំណើរវិវឌ្ឍន៍នេះ ហើយក៏បានដាស់តឿនអំពីការអប់រំ និងទប់ស្កាត់ផលវិបាកនានាលើមនុស្សក្នុងវ័យនេះដែរ ក្រោមសុភាសិតថា ៖ «ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ» ។ នេះជាការប្រៀបធៀបមួយទៅនឹងចរិកលក្ខណៈរបស់ក្មេងជំទង់ ដែលមិនមែនគ្រាន់តែជាពាក្យដាស់តឿនអោយខ្មែរចេះឆ្លុះបញ្ចាំងពីទង្វើរបស់ខ្លួនឯងប៉ុណ្ណោះទេ ។ ជាក់ស្តែង រឿង «ទុំទាវ» គឺជាភស្តុតាងដែលបានបង្កើតឡើង មិនមែនសំរាប់អប់រំមនុស្សអោយចេះស្រលាញ់គ្នាស្មោះប៉ុណ្ណោះទេ ប៉ុន្តែគឺសំរាប់ដាស់តឿនមាតាបិតា និងអាណាព្យាបាលអោយចេះដឹងអំពីហេតុភេទដែលកើតមានក្នុងវ័យជំទង់ និងផលវិបាកដែលកើតឡើងក្នុងវ័យនេះ ។

ក្រលេកមើលការយល់ឃើញពីមនុស្សក្នុងយុជសម័យថ្មី វាក៏មានលក្ខណៈស្រដៀងគ្នានេះដែរ ។ តាមរយៈការសិក្សាផ្នែកចិត្តសាស្រ្តអភិវឌ្ឍន៍ ដែលបានសិក្សាអំពីបំរែបំរួលនៃសតិអារម្មណ៍របស់មនុស្សតាមបណ្តោយបំរែបំរួលនៃវ័យ បានបញ្ជាក់ថា វ័យជំទង់នេះ មនុស្សពិតជាចាប់ផ្តើមមានបំរែបំរួលមួយដែលគួរតែឃ្លាំងមើលអោយបានដិតដល់ ។

ទំនៀមទំលាប់ខ្មែរបុរាណលើការគ្រប់គ្រងមនុស្សវ័យជំទង់

ការអប់រំនៅផ្ទះតាមការស្តីបន្ទោស និងការវាយដំ លែងមានប្រសិទ្ធិភាពហើយសំរាប់មនុស្សក្នុងវ័យឈាមរាវនេះ ដូចដែលគេតែងពោលថា ៖ «វាយលែងឈឺ» ។ ដូច្នេះ ចំពោះកូនប្រុសត្រូវបានគេបញ្ជូនអោយទៅបួស តាមពិធីបំបួសនាគ ដើម្បីអោយកូនទៅរស់នៅក្នុងវត្តអារាម ជាមួយនឹងជំនឿថាព្រះពុទ្ធសាសនា ដែលមានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ គឺជាទីរំងាប់អារម្មណ៍ឆេវឆាវ ពុះកញ្ជ្រោលនេះបាន ហើយក៏បានយល់ដឹងអំពីចំនេះដឹងមួយចំនួនផ្សេងទៀតព្រមគ្នាដែរ ។ រីឯកូនស្រី ខណៈដែលចាប់ផ្តើមពេញវ័យភ្លាម (កំណត់សំគាល់ដោយការមករដូវដំបូង) ត្រូវបានឪពុកម្តាយ ឬអាណាព្យាបាលឃាត់ឃាំងក្នុងផ្ទះ តាមរយៈការធ្វើពិធីចូលម្លប់ដែរ ។ ក្នុងកំឡុងពេលចូលម្លប់ យុវតីបានទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាមេផ្ទះ ការថែទាំរាងកាយនិងសម្ផស្ស កិរិយាមាយាទ វិធីផ្គាប់ផ្គន់ប្តី ប្រពៃណី ការចិញ្ចឹមកូន និងចំនេះដឹងជាច្រើនទៀត ប៉ុន្តែក៏មានតំណមជាច្រើនផងដែរ ដែលរួមមានការហាមជួបមនុស្សប្រុសជាដើម ។ ដូច្នេះហើយ សម័យបុរាណយុវជន និងយុវតីណាដែលបានបំបួស និងចូលម្លប់យូរជាងគេ គឺបានក្លាយជាទីគាប់ចិត្តនៃមនុស្សផងទាំងពួង ។ គេអាចកត់ថា កំឡុងវ័យជំទង់របស់ខ្មែរសម័យបុរាណ ក្រោមទំនៀមទំលាប់ប្រពៃណី ជាកំឡុងពេលដែលត្រូវបានបង្ហាត់បង្ហាញពីចំនេះដឹងលើការវិវឌ្ឍន៍ខ្លួនប្រាណ លើដំណើរជីវិតគ្រួសារ លើវប្បធម៌ប្រពៃណី និងលើផ្នែកសង្គមផងដែរ ។

ការតំរង់ទិសយុវវ័យក្នុងយុគសម័យថ្មី

ចំពោះលោកខាងលិច ក្នុងវ័យជំទង់គឺមិនមានអ្វីដែលអាចបង្ខំគេបានក្រៅពីបង្កើតការអំប់រំអំពីចំណេះដឹងផ្លូវភេទ ចំណេះដឹងសង្គម និងចំនេះដឹងសំខាន់ៗមួយចំនួនទៀតនោះទេ ដែលទាំងនេះគឺបានផ្តល់ជំរើសដល់មនុស្សគ្រប់រូបអោយគេជ្រើសរើសនូវអ្វីដែលសមនឹងខ្លួនឯង ។ កត្តាដែលមិនបង្ខិតបង្ខំនេះ បានធ្វើអោយជំទង់ និងយុវជនក្នុងបណ្តាប្រទេសទាំងនោះក្លាយជាសកម្មក្នុងជីវិតផ្លូវភេទ ហើយក៏លែងមានការអោយតំលៃខ្លាំងលើពិធីមង្គលការដូចខ្មែរយើងដែរ ។

ចំពោះកម្ពុជាសម័យថ្មី ដោយសារតែសង្គ្រាម ដែលនាំអោយមានវិបត្តិសេដ្ឋកិច្ចគ្រួសារ និងការបាត់បង់គោលគំនិតដើម ធ្វើអោយប្រពៃណីដើមមួយនេះបានរលាយរលត់ស្ទើរទាំងស្រុងទៅហើយ ។ កម្ពុជាកំពុងបោះជំហានទៅរកវប្បធម៌អប់រំបើកទូលាយរបស់បណ្តាប្រទេសលោកខាងលិច ដែលដំណើរនេះកំពុងប្រទាញវប្បធម៌ខ្មែរលើទំនៀមទំលាប់មួយចំនួនទៅរកចំនុចសូន្យ ដូចជាការធ្លាក់ចុះនៃចំនេះដឹងលើព្រះពុទ្ធសាសនា ការធ្លាក់ចុះគំនិតស្វែងរកហេតុនិងផលតាមពុទ្ធសាសនា សកម្មភាពផ្លូវភេទមុនរៀបការ ការអោយតំលៃលើសេរីភាពជាជាងគុណតំលៃ ការទាមទាររកផលប្រយោជន៍បុគ្គល ការថយចុះនៃចំណេះដឹងលើវប្បធម៌បុរាណ … ហើយមិនយូរប៉ុន្មានវប្បធម៌ខ្មែរទាំងមូលនឹងប្តូរទៅដូចនឹងវប្បធម៌របស់លោកខាងលិច ប្រសិនបើគ្មានការគិតគូរ និងរកវិធានការទប់ស្កាត់នោះទេ ។


បញ្ចេញមតិ

កំពុង​ដណ្តាំ​ក្បាល​ចុះ

ដើម្បីកែប្រែបរិយាកាសដែលបានអាប់អួរអស់រយៈពេលជិតមួយសប្តាហ៍នៅក្នុងគេហទំព័រសខ្មៅ សខ្មៅនឹងលើកឡើងអំពីប្រធានបទថ្មីមួយយកបរិយាយ គឺបរិយាកាសនយោបាយនៅកម្ពុជា ។

ដូចដែលបានឮស្រាប់ហើយថាគណបក្សសម រង្ស៊ី គឺជាគណបក្សប្រឆាំងធំទី១ នៅក្នុងឆាកនយោបាយកម្ពុជា ដែលតាមពីក្រោយដោយគណបក្សសិទ្ធិមនុស្ស ។ គណបក្សមួយនេះ បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកជាតិនិយម និងប្រជាពលរដ្ឋមួយចំនួនដែលរងទុក្ខវេទនាក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ។ ជាមួយនឹងវិបត្តិនានានៃការដឹកនាំបច្ចុប្បន្ន ដែលបានបង្កអោយមានបញ្ហាដូចជាជំលោះដីធ្លីរ៉ាំរ៉ៃ អំពើពុករលួយ បក្សពួកនិយម ឱនភាពប្រព័ន្ធយុត្តិធម៌ … គេរំពឹងថាសំលេងគាំទ្រសំរាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះនឹងកើនឡើង ។ នេះជាហេតុដែលលោកសម រង្ស៊ី ប្រធានគណបក្សនេះខិតខំស្វះស្វែងរកវិធីចូលមកក្នុងប្រទេសវិញ ក្រោយការនិរទេសខ្លួនទៅបរទេសបន្ទាប់ពីទទួលការកាត់ទោសពីតុលាការអោយជាប់ពន្ធនាគារជាច្រើនឆ្នាំ ដែលមហាជនបានព្រួយបារម្ភ និងកំណត់សំគាល់ថាជាបញ្ហានយោបាយ ។

រចនាសម្ព័ន្ធនៃការដឹកនាំរបស់គណបក្សសម រង្ស៊ី

វាមានភាពខុសគ្នាខ្លាំងដែរសំរាប់ការដឹកនាំគណបក្សក្នុងរបបមួយ ដែលហាក់ដូចជាមិនទាន់ជារបបប្រជាធិប្បតេយ្យនៅឡើយ បើតាមរបាយការណ៍នានាពីអង្គការក្រៅរដ្ឋាភិបាល ។ ប្រធានគណបក្ស មានការងារច្រើនដែលត្រូវធ្វើ ដែលរួមមានទាំងការដឹកនាំសមាជិកបក្ស ការស្វែងរកប្រជាប្រិយភាព និងជាពិសេសនោះគឺវិធីសាស្រ្តក្នុងការការពារនឹងការបំបែកបំបាក់ផ្ទៃក្នុងបក្ស ។ ប្រសិនបើគេនិយាយអំពីការបំបែកផ្ទៃក្នុងបក្សមួយដោយស្នាដៃបក្សមួយទៀត វាមិនមែនជាការប្រកួតប្រជែងដោយស្មើភាពគ្នាទេ ប៉ុន្តែប្រការនេះក្លាយជារឿងធម្មតាទៅហើយសំរាប់ប្រទេសកម្ពុជា ចាប់តាំងពីកំណើតការបោះឆ្នោតឆ្នាំ១៩៩៣ មកម៉្លេះ ។ តើលោកសម រង្ស៊ី មានគោលគំនិតដូចម៉្តេចខ្លះ សំរាប់ការតំរង់ទិសបក្សប្រឆាំងមួយនេះ ?

ដោយយល់ឃើញថា សមាជិកខ្លួនមិនអាចធ្វើនិរន្តភាពនៃសមាជិកភាពរបស់ខ្លួនបានយូរខណៈមានការប្រើប្រាស់អំណាចសាច់ប្រាក់ និងការគំរាមកំហែងពីបក្សកាន់អំណាច លោកសម រង្ស៊ីបានជ្រើសរើសដើរតាមគន្លងនៃបក្សកាន់អំណាចគឺលើកប្រជាប្រិយភាពប្រធានបក្សជាធំ (បក្សប្រជាជនកម្ពុជា លើកតំកើនតែមុខមាត់សម្តេចហ៊ុន សែនតែម្នាក់) ព្រោះគាត់ជាមនុស្សតែម្នាក់គត់ដែលស្មោះត្រង់នឹងបក្សជាអចិន្រៃ្តយ៍ ។ ហេតុនេះហើយ គេតែងតែឃើញមានវត្តមានរូបលោកច្រើន នៅក្នុងសកម្មភាពប្រឆាំងតាមទីសាធារណៈ និងការផ្សព្វផ្សាយនានា ហើយមានតិចតួចដែរសំរាប់សមាជិកជាន់ខ្ពស់ដែលស្និតស្នាលនឹងលោក ។ ប្រការនេះក៏ជាមូលហេតុដែលនាំអោយមានភាពបរាជ័យក្នុងការបញ្ចូលគ្នាជាមួយនឹងគណបក្សសិទ្ធិមនុស្សផងដែរ ។

របត់ដាំក្បាលចុះនៃគណបក្សសម រង្ស៊ី

ដូចគ្នានឹងការដឹកនាំរបស់ព្រះបាទជ័យវរ័ន្មទី៧ដែរ ភាពខ្លាំងពូកែតែម្នាក់ឯងនៃថ្នាក់ដឹកនាំកំពូល បានបង្កជាផលវិបាកខ្លាំងនៅពេលអវត្តមានអ្នកដឹកនាំនោះពាក់កណ្តាលទី ។ ដោយឃើញចំនុចខ្សោយនេះ ការកំចាត់ថ្នាក់ដឹកនាំកំពូលបក្សសម រង្ស៊ី ជាសកម្មភាពដ៏ប្រសើរបំផុតសំរាប់រំលាយបក្សនេះអោយចេញពីតារាងឈ្មោះបក្សចូលរួមបោះឆ្នោត ហើយនេះជាមូលហេតុដែលលោកសម រង្ស៊ីស្ថិតនៅនិរទេសរហូតដល់បច្ចុប្បន្ន ប៉ុន្តែដោយឃើញលទ្ធផលនេះហួសពេលបន្តិច លោកសម រង្ស៊ីក៏បានខិតខំស្វែងរកអន្តរគមន៍ពីអន្តរជាតិដើម្បីអោយលោកបានត្រលប់មកវិញ ។

ខណៈអវត្តមានមេដឹកនាំខ្លួន ដែលអ្វីៗសំរេចដោយគំនិតគាត់ សមាជិកគណបក្សប្រឆាំងនេះកំពុងលិចលង់ដូចនាវាបាត់ចង្កូត ។ សកម្មភាពបក្សបានក្លាយជាអសកម្មទៅៗ និងបន្តទៅកាន់ភាពរលំរលាយនៅពេលដែលសមាជិករបស់ខ្លួនបានចាប់ផ្តើមធ្វើលំហូរទៅកាន់បក្សកាន់អំណាច ។

គេមិនអាចទស្សន៍ទាយថាបក្សប្រឆាំងដ៏ខ្លាំងក្លានេះនឹងក្លាយទៅជាយ៉ាងណាទេ ប៉ុន្តែគេគ្រាន់តែអាចដឹងថា បក្សនេះកំពុងបង្វែរខ្លួនចុះទៅកាន់ភាពសូន្យសុង ហើយដំណើរនេះនឹងបន្តល្បឿនលឿនជាងទៅៗ ប្រសិនបើគ្មានដំណោះស្រាយដ៏មានប្រសិទ្ធិភាពមួយទេនោះ ។ ទោះជាយ៉ាងនេះក្តី ជាក់ស្តែងសកម្មបក្សនេះដែលពីមុនមកធ្លាប់ចេញមុខមាត់សំរាប់បក្ស ដូចជាអ្នកស្រីមួរ សុខហួរជាដើម ក៏បានស្វះស្វែងរកវិធីដើម្បីបន្ថយល្បឿននេះដែរ តាមរយៈការចូលរួមចលនាទាមទារជំនួយសិទ្ធិមនុស្សលើស្រ្តីពលការនីឆ្លងដែន ការទាមទារការលើកកំពស់សិទ្ធិនារី និងការផ្តល់អនុសាសន៍នានាដល់រដ្ឋាភិបាល ។

អនុសាសន៍

ក្នុងស្ថានភាពដ៏តឹងតែងមួយនេះ វិធីសាស្រ្តដែលជាការសុំជំនួយពីអន្តរជាតិ ដើម្បីអោយលោកសម រង្ស៊ីបានចូលក្នុងប្រទេសវិញជាកត្តាចំបងដែលត្រូវធ្វើ ប៉ុន្តែមិនមែនត្រូវធ្វើតែរឿងមួយនេះទេ ព្រោះបើទោះជាលោកបានជោគជ័យតាមអន្តរាគមន៍នោះមែន ក៏វានឹងអាចហួសពេលសំរាប់ស្រោចស្រង់ស្ថានការណ៍ ដែលគណបក្សរបស់លោកកំពុងធ្វើដំណើរដាំក្បាលចុះនេះដែរ ។ ការថ្លែងសន្ទរកថាតាមប្រព័ន្ធអ៊ីនធឺណែត មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឡើយ ។ ដូច្នេះ ការកែប្រែរចនាសម្ព័ន្ធដឹកនាំអោយប្រសើរជាងមុនមួយគួរតែត្រូវបានអនុវត្តន៍អោយបានឆាប់បំផុតដែលអាចធ្វើបាន ។


បញ្ចេញមតិ

មិន​ខ្វល់

ស្តាប់ព័ត៌មានគេបណ្តេញប្រជាពលរដ្ឋបឹងកក់ ៖ ខ្ញុំមិនខ្វល់ព្រោះមិនមែនដីផ្ទះខ្ញុំផង !

ស្តាប់ព័ត៌មានគេទាមទារប្រាក់ខែបន្ថែមសំរាប់កម្មករ ៖ ខ្ញុំមិនខ្វល់ព្រោះមិនមែនប្រាក់ខែខ្ញុំផង !

ស្តាប់ព័ត៌មានគេទាមទារអោយគណបក្សប្រឆាំងចូលរួមបោះឆ្នោត ៖ ខ្ញុំមិនខ្វល់ព្រោះមិនមែនរឿងខ្ញុំផង !

ស្តាប់ព័ត៌មានចោរកម្ម ប្លន់ និងសំលាប់ដែលកើតមានរាល់ថ្ងៃ ៖ ខ្ញុំមិនខ្វល់ព្រោះមិនមែនមកប្លន់សំលាប់ខ្ញុំផង !

ស្តាប់ចាស់ៗ ឪពុកម្តាយនិយាយដាស់តឿនពីវប្បធម៌ខ្មែរ ៖ ខ្ញុំមិនខ្វល់ព្រោះមិនចូលចិត្តផង !

ស្តាប់គេនិយាយពីយូនចូលស្រុកនិងបានទៅបោះឆ្នោតទៀត ៖ ខ្ញុំមិនខ្វល់ព្រោះខ្ញុំមិនទៅបោះឆ្នោតផង !

ស្តាប់មិត្តភក្តិនិយាយអោយខិតខំរៀនសូត្រ ៖ ខ្ញុំមិនខ្វល់ព្រោះមិនសប្បាយផង !

 

តើខ្ញុំជាមនុស្សប្រភេទណា ?